ព័ត៍មានអន្តរជាតិ ប្រទេសថៃ ៖ លួសបន្លារាប់សិបគីឡូម៉ែត្រ ត្រូវបានភាគីថៃដាក់ពង្រាយនៅតាមខ្សែបន្ទាត់ព្រំដែនជាប់ព្រំដែនប្រទេសកម្ពុជាដោយក្រុមយោធាថៃបានអះអាងថាការដាក់ពង្រាយបែបនេះគឺជាការការពារនិងទប់ស្កាត់ទៅលើពលករខ្មែរដែលតែងតែលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយគ្មានការអនុញ្ញាត។
នៅពាក់កណ្តាលយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០នេះលោកថូរ៉ាផុង មៈឡៈខាំ មេបញ្ជាការតម្រួតការពារព្រំដែនបានដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវត្រង់ចំណុចដែលពលករខ្មែរតែងតែលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់នាពេលកន្លងមកក្នុងនោះក៏មានវត្តមានលោក កិត្តិយ៉ា កៀតឈុតមេបញ្ជាការកងការពារព្រំដែនគោកលេខ១២ផងដែរ។នៅពេលនោះដែរសមត្ថកិច្ចថៃបាននិយាយថាខ្សែបន្ទត់ព្រំដែនខេត្តស្រះកែវ ដែលមានរយៈចម្ងាយ១៦៥គីឡូម៉ែត្រគឺមានផ្ទៃដីដែលគ្មានអូរនិងគ្មានភ្នំប្រវែង១៤គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្ត្រស្រុកប៉ារ៉ៃហើយក៏ជាតំបន់ដែលពលករខ្មែរតែងតែលបឆ្លងដែនជាញឹកញាប់ផងដែរដើម្បីចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។
ដោយសារតែបញ្ហានេះទើបសមត្ថកិច្ចថៃបានចាប់ផ្តើមដាក់ពង្រាយលួសបន្លាចំនួន៣ជាន់នៅក្នុងភូមិសាស្ត្រខាងលើ ក៏ដូចជាក្នុងស្រុកអារញ្ញប្រាថេតដើម្បីទប់ស្កាត់នូវការលបឆ្លងរបស់ពលករខ្មែរចូលទៅក្នុងទឹកដីថៃ ចុងក្រោយលោកមេបញ្ជាការរូបនេះបានសង្កត់ធ្ងន់ថាកម្លាំងសមត្ថកិច្ចថៃទាំងអស់ត្រូវបង្កើននូវការប្រុងប្រយ័ត្ននិងឃាត់ខ្លួនពលករណាដែលលបឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយគ្មានការអនុញ្ញតដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការក្នុងការអនុវត្តតាមនីតិវិធីច្បាប់ដោយឡែកចំពោះមន្ត្រីយោធឬមន្ត្រីតម្រួតណាមួយដែលមានការពាក់ព័ន្ធត្រូវដាក់ទោសទណ្ឌកម្រិតធ្ងន់ឬត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការ ៕