សហរដ្ឋអាមេរិក៖កាលពីថ្ងៃព្រហស្បតិ៍បានចាត់វិធានការធំដំបូងរបស់ខ្លួនដើម្បីបញ្ឈប់ការរំលោភបំពានដ៏គួរឱ្យរន្ធត់មួយទៅលើជនជាតិភាគតិច អ៊ូហ្គួរ ជនជាតិមូស្លីម ទួគី ដែលរស់នៅក្នុងប្រទេសចិន តាមរយៈការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ជាច្រើននាក់។ មានមន្ត្រីចិនបីរូបនឹងត្រូវបដិសេធទិដ្ឋាការពីអាមេរិកនិងបង្កកនូវទ្រព្យសម្បត្តិមួយចំនួនធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករួមទាំងលោក Chen Quanguo ប្រធានបក្សកុម្មុយនិស្តចិនប្រចាំតំបន់ ស៊ីនជាំង និងជាស្ថាបត្យករនៃនយោបាយដ៏ធំមួយ បន្ទាប់ពីពួកគេបានប្រើប្រាស់សិទ្ធអំណាចប្រឆាំង នឹងជនជាតិភាគតិច។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពប្រឆាំងនឹងការរំលោភបំពានដ៏គួរឱ្យរន្ធត់និងជាប្រព័ន្ធនៅតំបន់ភាគខាងលិចប្រទេសចិនរួមមានការបង្ខំឲ្យធ្វើការ ការឃុំឃាំងមនុស្សជាច្រើន និងការត្រួតពិនិត្យចំនួនប្រជាជនដោយមិនស្ម័គ្រចិត្ត។ ក្នុងសេចក្តីថ្លែងការណ៍មួយលោក Pompeo លើកឡើងថា សហរដ្ឋអាមេរិកនឹងមិនអាចឈរមើលបានទេចំពោះអនុវត្តការរំលោភសិទ្ធិមនុស្សរបស់បក្សកាន់អំណាចចិនដែលផ្តោតលើជនជាតិ អ៊ូហ្គួរ ជនជាតិកាហ្សាក់ស្ថាន និងសមាជិកនៃក្រុមជនជាតិភាគតិចដទៃទៀតនៅខេត្តស៊ីនជាំង” ។ ចំណែកមន្រ្តីពីររូបផ្សេងទៀតដែលទទួលទណ្ឌកម្មរួមមានលោក Wang Mingshan ប្រធានការិយាល័យសន្តិសុខសាធារណៈនៅខេត្ត ស៊ីនជាំង និងលោក Zhu Hailun អតីតមេដឹកនាំជាន់ខ្ពស់បក្សកុម្មុយនិស្តនៅក្នុងតំបន់។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកធ្វើឡើងនៅពេលសាក្សីនិងក្រុមសិទ្ធិមនុស្សជាច្រើននាក់លើកឡើងថាប្រទេសចិនបានប្រមូលផ្តុំជនជាតិអ៊ូហ្គួរជាង ១ លាននាក់ និងមូស្លីម ទួគីដទៃទៀតនៅស៊ីនជាំងនៅក្នុងយុទ្ធនាការបញ្ជូនពួកគេទៅអប់រំបន្ថែម ក្នុងគោលបំណងប្រឆាំងនិងអំពើភេរវកម្មក្នុងប្រទេស។