ភ្នំពេញ ៖ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោង សាងសង់ផ្លូវក្រវាត់ ក្រុងខ្សែទី៣ ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១ សម្រេចបាន៣៩,៧៦% ហើយគ្រោងបញ្ចប់ ការសាងសង់ នៅត្រឹមឆ្នាំ២០២១ ខាងមុខ។
ក្នុងឱកាសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាព ការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោកលឹម ស៊ីដេនីន បានថ្លែងថា ការសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីសម្រួល ដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនផលិតផលនានារបស់ ប្រជាពលរដ្ឋ ប្រកបដោយសក្ដានុពល ជាពិសេស រួមចំណែកដល់ការរំដោះការកកស្ទះ ចរាចរណ៍នៃយានយន្ត ដឹកជញ្ជូន ទំនិញធំៗចេញ-ចូលរាជធានី ភ្នំពេញ ផងដែរ។
លោកមានប្រសាសន៍ថា «ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យា ឬសៀវភៅបន្ទុក ពោលគឺគុណភាព នៃការសាងសង់ អាចទទួលយកបាន ហើយគិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កំណាត់ផ្លូវ នេះសម្រេចការសាងសង់ បានចំនួន៣៩,៧៦% និងគ្រោងបញ្ចប់ការ សាងសង់នៅត្រឹមឆ្នាំ២០២១ខាងមុខ»។
លោកបញ្ជាក់អំពីសារសំខាន់ នៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើន ប្រកបដោយនិរន្តរភាព និង នាំមកជាមួយនូវកំណើនយានយន្ត ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាហេតុធ្វើឱ្យ មានការកកស្ទះចរាចរណ៍ នៅក្នុងក្រុងជាប្រចាំ។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋលេខាធិការ បានលើកឡើង អំពីការសិក្សាលទ្ធភាពលើគម្រោង សាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរ ឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។
សូមបញ្ជាក់ថា គម្រោងសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ មានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧.៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង២២ម៉ែត្រ និងកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC)៕