អាមេរិក៖តាមការចេញផ្សាយសារព័ត៌មាន CNN ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី ៨ ខែកក្កដា បានសម្តែងការព្រួយបារម្ភបន្ទាប់ពីប្រទេសវៀតណាមបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ បន្ទាប់ពួកគេបានបង្ហាញទស្សនៈគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទំព័រហ្វេសប៊ុក ដោយអំពាវនាវឱ្យទីក្រុងហាណូយអនុញ្ញាតឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ។
យោងតាមអង្គការឃ្លាំមើលសិទិ្ធមនុស្សបានអោយដឹងថាលោក Nguyen Quoc Duc Vuong បាននិយាយអំពីការគាំទ្ររបស់គាត់ចំពោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសវៀតណាមនិងចែករំលែកព័ត៌មាននៃការតវ៉ានៅហុងកុងនៅលើហ្វេសប៊ុក ក្រោយមកគាត់ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា និងត្រូវបានកាត់ទោសកាលពីថ្ងៃអង្គារនៅក្នុងការជំនុំជម្រះក្ដីមួយដោយចោទប្រកាន់ពីបទ“ បរិហាកេរ្តិ៍មេដឹកនាំវៀតណាម។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា“ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាននយោបាយផ្សេងៗដែលចេញផ្សាយនៅវៀតណាម នៅពេលលោក Nguyen Quoc Duc Vuong ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ” ។
លោកបន្ថែមទៀតថា វិធានការបែបនេះមិនមែនទើបតែធ្វើឡើងនោះទេ ដោយមានអ្នកកាសែត អ្នកសរសេរប្លុកនិងសកម្មជនដទៃទៀតត្រូវបានចាប់ខ្លួន ក្នុងគោលបំណងបដិសេធការបញ្ចេញមតិនៅក្នុងប្រទេសវៀតណាម” ។ ដូច្នេះសហរដ្ឋអាមេរិកទទូចឲ្យរដ្ឋាភិបាលវៀតណាមធានានូវសកម្មភាព និងច្បាប់របស់ខ្លួនរួមទាំងក្រមព្រហ្មទណ្ឌដែលត្រូវនឹងបទប្បញ្ញត្តិស្តីពីសិទ្ធិមនុស្សនៃរដ្ឋធម្មនុញ្ញរបស់វៀតណាមនិងកាតព្វកិច្ចនិងគោរពការប្តេជ្ញាចិត្តជាអន្តរជាតិ ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសវៀតណាមមានទំនាក់ទំនងយ៉ាងជិតស្និទនិងជាដៃគូរដ៏ធំសំរាប់ប្រកួតប្រជែងជាមួយចិនក៏ដោយ។