ភ្នំពេញ: យ៉ាងហោចាស់ក៏មានបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងបុរសពីរ នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីរថយន្តពេទ្យមួយគ្រឿងបានជ្រុលបុកជាមួយរថយន្តហាយឡែនឌ័របណ្តាលឲ្យរថយន្តហាយឡែនឌ័រវិលមួយជុំបោកផ្ទប់នឹងបង្គោលភ្លើងថ្មពេញទំហឹង កាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចស្តុបវត្តអង្គតាមិញ មុខស្ថានីយ៍ប្រេងឥន្ទនៈតេលា តាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះស្លាប់អ្នកបើកបររថយន្តហាយឡែនឌ័រមានឈ្មោះ រឿង សារ៉ាយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគក់ចេដី មានស្រុកកំណើត ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ចំណែកអ្នករងបួសធ្ងន់បើកបររថយន្តពេទ្យនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2X-4505ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តមន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញពណ៌សគ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ទិសដៅពីលិចទៅកើត ដោយមានបំពាក់ភ្លើងសញ្ញាសូមផ្លូវត្រឹមត្រូវ បានជ្រុលចង្កូតទៅបុក បញ្ឆិតគូទរថយន្តហាយឡែនឌ័រផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្តហាយឡែនឌ័រ វិលមួយជុំទៅបោកផ្ទប់នឹងបង្គោលភ្លើងថ្មនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តហាយឡែនឌ័រគាបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ដោយអកុសលជនរងគ្រោះរបួសធ្ងន់ល្អពេកបានស្លាប់បាត់បង់ជីវិតត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ចំណែកអ្នកបើកបររថយន្តពេទ្យនិងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕