គូឡាឡាំពួ៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានចេញរបាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ក្នុងរយៈពេលមួយថ្ងៃចំនួន៨,៨៦៨ករណីបន្ថែមទៀតដែលចំនួននេះករណីឆ្លងខ្ពស់បំផុតទី២ គិតចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៅក្នុងប្រទេសអាស៉ីអាគ្នេយ៍មួយនេះមកម៉្លេះ ។
បើតាមប្រភពខាងលើដដែលនេះបានឲ្យដឹងថា ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ Klang Valley ដោយមាន ៤,១៥២ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor និង ១,១៣៣ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋធានីគូឡាឡាំពួ ។ រីឯ ៨៩៧ករណីទៀតត្រូវបានរកឃើញ នៅក្នុងរដ្ឋជិតខាង គឺរដ្ឋ Negeri Sembilan ។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះម៉ាឡេស៊ីធ្លាប់ចេញរបាយការណ៍តួលេខខ្ពស់បំផុតនៃការឆ្លងជំងឺកូវីដ-១៩រហូតដល់៩,០២០ករណី ដែលឈានដល់ការដាក់ចេញនូវវិធានការរឹតត្បឹតយ៉ាងតឹងរ៉ឹងមួយនៅក្នុងរដ្ឋមួយចំនួន មុនពេលមានការដាក់ចេញនូវ វិធានការបិទខ្ទប់ទូទាំងប្រទេសលើកទី៣កាលពីថ្ងៃទី០១ មិថុនាកន្លងទៅនេះ ៕