កណ្តាល ៖ កម្លាំងនគរបាលប៉ស្តិ៍រដ្ឋបាលតាលន់ សហការនឹងនគរបាលព្រហ្មទណ្ឌស្រុកស្អាង បានធ្វើការឃាត់ខ្លួនយុវជនម្នាក់កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងការសង្ស័យករណីរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ០០នាទី នៅចំណុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះ អាយុ៥ឆ្នាំ ជនជាតិខ្មែរនៅក្នុងបន្ទុកគ្រួសារ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ ធឿន ប៊ុនឡុង ហៅ ឡឺយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើកុមារីរងគ្រោះ និងមិត្តភក្ដិរបស់ខ្លួន បានទៅលេងនៅកន្លែងកើតហេតុ បន្ទាប់មកខ្លួនបានទៅលេងជាមួយ ហើយបានចាប់បីជន រងគ្រោះយកទៅរំលោភជនរងគ្រោះនៅចំណុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ភ្លាមៗនោះបន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីគ្រួសារកុមារីរងគ្រោះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅដល់ផ្ទះរបស់ជនសង្ស័យ ហើយបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ ។ ប៉ុន្តែជនសង្ស័យបានជាឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនមិនបានរំលោភជនរងគ្រោះនោះទេគ្រាន់តែគេយក ម្រាមដៃធ្វើសកម្មភាពលើប្រដាប់ភេទរបស់ជនរងគ្រោះតែប៉ុណ្ណោះ ។ បើទោះបីយ៉ាងណាក្តីបច្ចុប្បន្ននេះជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធីបន្ថែមទៀត ៕