កើតជាមនុស្ស មិនត្រូវមើលស្រាលមនុស្ស ព្រោះគ្មាននរណាម្នាក់ អាចគូសវាសអនាគតអ្នកដទៃ ត្រឹម មើលឃើញបច្ចុប្បន្នភាពរបស់គេបានឡើយ។ តួយ៉ាង ដូចជាលោក ស្រេង ឈាងឡេង បច្ចុប្បន្ន គឺជាអគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក និងបានបោះទុនវិនិយោគខ្ទង់លានដុល្លារ លើវិស័យអចលនទ្រព្យផ្លូវ51 បច្ចុប្បន្នកំពុងទទួលជោគជ័យទាំងវ័យក្មេង លើគម្រោងពុះដីឡូតិ៍ និងលក់ផ្ទះល្វែង ហើយបានបន្តពង្រីកគម្រោងលក់ជាបន្តបន្ទាប់។
ចេញពីយុវជនធម្មតាៗនៅតាមខេត្តដូចគេដូចឯង ប៉ុន្តែក្រោយឡើងមករៀនបន្តនៅភ្នំពេញ លោកបានចាប់យកឱកាស និងបង្កើតឱកាសដ៏ជោគជ័យមួយក្នុងវិស័យអចលនទ្រព្យសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររហូតដល់សព្វថ្ងៃ។
លោកថ្លែងថា៖ «កាលអំឡុងឆ្នាំ២០១១ ក្រោយប្រឡងជាប់ថ្នាក់ទី១២ ពីវិទ្យាល័យ ហ៊ុន សែន ចម្ការលើ នៅខេត្តកំពង់ចាមភ្លាម ខ្ញុំក៏បានលាអ្នកផ្ទះ ចាកចេញពីស្រុកកំណើតនៅឯខេត្តកំពង់ចាម សំដៅឡើងមករៀនបរិញ្ញាបត្របន្តនៅរាជធានីភ្នំពេញ»។ កើតក្នុងឆ្នាំ ១៩៩២ មានឳពុកម្ដាយប្រកបមុខរបរជាកសិករ និងអាជីវករលក់ដូរបន្តិចបន្ទួច ដើមឡើយ យុវជន ស្រេង ឈាងឡេង មានក្ដីប្រាថ្នាក្នុងជីវិត ត្រឹមតែជាគ្រូពេទ្យ និងជាឱសថការីម្នាក់ ក្រោយរៀបចប់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយទើប ខ្លួនចូលរៀនបន្តថ្នាក់បរិញ្ញាបត្រផ្នែកឱសថស្ថាន និងពេទ្យកុមារ នៅសាកលវិទ្យាល័យអន្តរជាតិ នៅភ្នំពេញ។
ក្រោយរៀនចប់ លោកបានសុំគេធ្វើការជាបុគ្គលិកក្នុងគ្លីនិកឯកជនជាបន្តបន្ទាប់ ដើម្បីទទួលបានបទពិសោន៍ និងចំណេះជំនាញផ្នែកវេជ្ជសាស្ត្រ ដែលខ្លួនរៀនពីសាលាបន្ថែម។ គឺអំឡុងពេលធ្វើការជាបុគ្គលិកស៊ីប្រាក់ខែ នៅតាមគ្លីនិកឯកជនដដែលនោះហើយ ដែលឈាងឡេង បានស្គាល់បងប្រុសម្នាក់ទៀត ដែលជាអ្នករកស៊ីខាងអចលនទ្រព្យដីឡូតិ៍ ហើយណែនាំខ្លួនឱ្យមកសាកការងារក្រៅម៉ោង ជាភ្នាក់ងារលក់អចលនទ្រព្យក្នុងគម្រោងរបស់គាត់ ក្រែងបានប្រាក់កម្រៃបន្ថែមជួយទំនុកបម្រុងជីវភាព។
ឈាងឡេង នៅចាំបានថា៖ កាលហ្នឹង ខ្ញុំនាំភ្ញៀវទៅមើលដី ហើយភ្ញៀវត្រូវចិត្តក៏ទិញដីនោះមួយឡូតិ៍ លោកក៏ទទួលបានប្រាក់កម្រៃជើងសារ ថ្លៃនាំភ្ញៀវចំនួន 50$ ជាលុយដំបូងបំផុត ដែលខ្ញុំទទួលបានពីការងារផ្នែកលក់អចលនទ្រព្យក្រៅម៉ោង ពេលនោះសប្បាយចិត្តរកអ្វីប្រៀបមិនបានទេបងអើយ…»។
ពីមួយថ្ងៃទៅមួយថ្ងៃ អាជីពក្រៅម៉ោងពីការនាំភ្ញៀវទិញដីឡូតិ៍របស់ ឈាងឡេង ក៏កាន់តែកាក់កប មានភ្ញៀវទិញតាមរយៈខ្លួនកាន់តែច្រើន ហើយចំណូលក៏ទទួលបានទៅតាមនោះដែរ។ យុវជន មកពីទឹកដីខេត្តកំពង់ចាមរូបនេះ បន្តថា ពេលនោះហើយ ដែលលោកធ្វើការសម្រេចចិត្ត ផ្អាកការងារពីបុគ្គលិកឱសថស្ថាន ងាកទៅពង្រឹងការងារលក់អចលនទ្រព្យនោះស៊ុបតែម្ដង។
ទន្ទឹមនឹងការសម្រេចចិត្តបោះបង់ចំណេះជំនាញ និងក្ដីសុបិន្តជាឱសថការីពេលនោះ លោកធ្លាប់ទទួលរងនូវការប្រមាថ មើលងាយ និងបន្ទាបតម្លៃយ៉ាងខ្លាំងពីសំណាក់អ្នកនៅជុំវិញ ដោយសារធ្វើការងារស្រណុកសុខៗ បែរជាបែកគំនិតទៅលក់ដីឡូតិ៍ខុសគេ ។ បញ្ចប់សាច់រឿង ដាច់ចិត្តបញ្ចប់ក្ដីស្រមៃជាគ្រូពេទ្យកុមារ និងឱសការីរបស់ខ្លួនត្រឹមនេះ លោក ស្រេង ឈាងឡេង ផ្ដើមរៀបរាប់បន្តថា កាលនោះលោកប្រឹងជំនះឧបសគ្គ និងពាក្យមើលងាយទាំងឡាយខ្លាំងណាស់ ទម្រាំដើរដល់ចំណុចមួយ។
ឈាង ឡេង ប្រាប់ថា កាលហ្នឹងចេញលក់អចលនទ្រព្យដំបូងតស៊ូខ្លាំងណាស់ ជិះតែម៉ូតូកាត់ភ្លៀង ហាលថ្ងៃ នាំភ្ញៀវទៅមើលដីឡូតិ៍ ថ្ងៃខ្លះក៏ត្រូវ ថ្ងៃខ្លះក៏ភ្ញៀវមិនត្រូវ តែលោកនៅតែមិនបោះបង់ការព្យាយាមនេះ។ សន្សំលុយពីថ្លៃនាំភ្ញៀវទិញដីឡូតិ៍បានតិកតក់ៗ ទម្រាំអាចសន្សំទិញកូនឡាន ជិះនាំភ្ញៀវឱ្យពេញមុខពេញមាត់ជាភ្នាក់ងារលក់អចលនទ្រព្យនឹងគេ។ ឈាងឡេង ក៏បានត្បិតត្បៀតសន្សំប្រាក់ពីការរកបាននោះបន្ថែមទៀត តាមរយៈការនាំភ្ញៀវមកទិញដីឡូតិ៍ផង និងដកប្រាក់សន្សំរបស់ខ្លួន បន្តទិញលក់ដីឡូតិ៍ ទិញលក់ៗ វិលជុំជាបន្តបន្ទាប់។
ជាលទ្ធផល យុវជនបញ្ចប់ថ្នាក់បាក់ឌុបនៅវិទ្យាល័យ ហ៊ុន សែន ចម្ការលើ ខេត្តកំពង់ចាមរូបនោះ មានរាសីកាន់ខ្ពស់ កើនទ្រព្យ សល់លុយរហូតដល់ ២០ម៉ឺនដុល្លារក្នុងដៃ ពេលនោះហើយ ដែល ឈាងឡេង សម្រេចចិត្តបោះទុននេះទាំងអស់ ទិញដីខ្លួនឯងបើកគម្រោងលក់អចលនទ្រព្យ ខាងពុះដីឡូតិ៍លក់តែម្ដង។
បច្ចុប្បន្នក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក កំពុងបើកដំណើរការគម្រោងទី១២ ដោយមានលក់ជាប្រភេទដីឡូតិ៍ និងផ្ទះល្វែងអាជីវកម្មផង ទីតាំងស្ថិតលើផ្លូវ៥១ ម្ដុំគីឡូម៉ែត្រលេខ២១ ជិតផ្សារបាត់ដឹង។ បច្ចុប្បន្នគម្រោងទី១២ របស់លោកស្រេង ឈាងឡេង កំពុងលក់តម្លៃពិសេស បញ្ចុះថ្លៃ 2,500$ ក្នុងមួយឡូតិ៍ ជូនអតិថិជនរបស់ខ្លួន។ ទៅថ្ងៃមុខ ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក នៅតែបន្តចក្ខុវិស័យអភិវឌ្ឍន៍គម្រោងលក់ដីឡូតិ៍ និងគេហដ្ឋានជូនអតិថិជនដែលពួកគាត់មានតម្រូវការ ស្របតាមចក្ខុវិស័យរួមរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែអភិវឌ្ឍន៍ប្រទេសកម្ពុជាឥតឈប់ឈ។