បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះទាំងស្រុង ឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរនៅផ្សារ រ៉ុងក្លឿប្រទេសថៃ កាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅទល់មុខផ្សារ Big-C ស្ថិតក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
បើតាមសមត្ថកិច្ចថៃបានឲ្យដឹងថា ឃ្លាំងដែលឆេះនេះជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កំរាលព្រំ កន្ទេល ធំ និងខោអាវគីម គឺឃ្លាំងK-72និងK73 ។
បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា មុនកើតហេតុ មានការឆ្លងចរន្តអគ្គីសនីពីលើដំបូលឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គីភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។
សមត្ថិច្ចថៃបញ្ជាក់ថា គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅមិនទាន់អាចសន្និដ្ឋានបានទេថា៖ អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិន។ ជាមួយគ្នានេះពលរដ្ឋខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់សន្និដ្ឋានថាទាំងសំបកឃ្លាំងនិងសម្ភារៈដែលបានបំផ្លាញដោយអគ្គីភ័យនេះ អស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង៥លានបាត នោះឡើយ ៕