រដ្ឋាភិបាលបួរគីណាហ្វាសូចាត់ទុកក្រុមសកម្មប្រយុទ្ធសម្លាប់អ្នកភូមិប្រមាណ១៣២នាក់ ជាក្រុមភេររករ
បួរគីណាហ្វាសូ៖ ការវាយប្រហាររបស់ជនប្រដាប់អាវុធមួយក្រុម បានផ្តាច់ជីវិតរបស់ ប្រជាជនស៊ីវិលប្រមាណ១៣២នាក់ ដោយត្រូវបានគេចាត់ទុកថាជាការវាយប្រហារផ្ដាច់ជីវិតមនុស្សច្រើនបំផុតមួយនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ នេះបើតាមសម្តីររបស់រដ្ឋាភិបាលនៃប្រទេសបួរគីណាហ្វាសូ ដែលត្រូវ បានចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ជ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថាការវាយប្រហារខាងលើកើតឡើងកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ នៅក្នុងភូមិ ស៊ុលហាន (Solhan) នៃខេត្ត យ៉ាហ្គា (Yagha) ស្ថិតនៅក្បែរព្រំដែន ប្រទេសនីហ្សេ។ ក្រៅពីសម្លាប់មនុស្ស អ្នកភូមិ៤០នាក់ផ្សេងទៀតបានរងរបួស ហើយក្រុមប្រដាប់អាវុធទាំងនោះក៏បានដុតបំផ្លាញផ្ទះអ្នកភូមិ និងផ្សារផងដែរ។
រដ្ឋាភិបាលបួរគីណា ហ្វាសូ បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៧២ម៉ោងដល់ជនរងគ្រោះនិងបានចាត់ទុកថាក្រុមប្រដាប់អាវុធទាំងនោះជាក្រុមភេរវករ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ ប៉ុន្តែមិនទាន់មានក្រុមណាមួយចេញ មុខអះអាងទទួលខុសត្រូវលើការវាយប្រហារដ៏អាក្រក់នេះទេ។
សូមជម្រាបថា មនុស្សប្រមាណជាង ១.១៤លាននាក់រត់ចេញពីផ្ទះសម្បែងក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ដោយសារអំពើហិង្សា ស្របពេលប្រទេសអាហ្វ្រិកក្រីក្រមួយនេះកំពុងទទួលជនភៀសខ្លួនឱ្យជ្រកកោនជាង ២០,០០០នាក់មកពីប្រទេសម៉ាលី៕