ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិបានរាយការណ៍ទៅកាន់លោកមេភូមិ ព្រោះមានពលរដ្ធមួយចំនួនតូច នៅតែធ្វេីការប្រមូលផ្ដុំគ្នា ដោយលោកមេភូមិ បានចុះណែនាំច្រើនដងរួចមកហេីយដែរ នៅតែមិនស្ដាប់ ទើបលោកមេភូមិ សម្រេចចិត្តរាយការណ៍ និងស្នេីសុំកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ក្នុងតំបន់លឿងទុំ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងការិយាល័យកម្រិតធ្ងន់ ក៥ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃ និងសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ គណៈបញ្ជាការឯកភាពខណ្ឌ និងសមត្ថកិច្ចចម្រុះ បានចុះដល់កន្លែងនោះភ្លាមៗ ធ្វើឱ្យពលរដ្ឋដែលលួចជួបជុំប្រមូលផ្ដុំគ្នានោះឃើញក៏នាំគ្នារត់ចែកជើងគ្នាចូលបន្ទប់អស់។
សមត្ថកិច្ចក៏បានហៅពលរដ្ឋ ទាំងនោះមកណែនាំម្តងទៀត ដោយបានព្រមានថា បើនៅតែមិនស្ដាប់លោកនឹងចាត់វិធានការតាមច្បាប់រដ្ឋបាលហើយនិងបានប្រាប់ឱ្យពលរដ្ឋចូលរួមសហការ និងថែរក្សាសុខភាព ទ្រាំនៅផ្ទះមួយរយៈដេីម្បីជៀសផុសពីជំងឺឆ្លងដ៏កាចសាហាវនេះ និងកុំភ្លេចវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា៕