ភ្នំពេញ ៖ នារីម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ បានឡើងទៅតោងឈរ ខាងក្រៅ បង្កាន់ដៃស្ពានជ្រោយចង្វារថ្មី បម្រុងលោតទឹកស្លាប់ខ្លួន ប៉ុន្តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងនគរបាលការពារគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ ចេញទៅអន្តរាគមន៍ ចាប់ទាញឡើងមកវិញ បង្កអោយមានការភ្ញាក់ផ្អើល កាលពីម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
នារីរូបនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៤០ឆ្នាំ ទំនង់ជាស្ត្រីមានសតិមិនគ្រប់។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីម្នាក់នោះបានធ្វើដំណើរដោយថ្មើរជើងឡើងទៅលើស្ពានជ្រោយចង្វារ រួចឈប់នៅលើស្ពានមួយសន្ទុះ ក៍បានតោងបង្កាន់ដៃស្ពានឡើង ប្រុងលោតទឹកសម្លាប់ខ្លួន តែនាងទំនង់ជាពុំហ៊ានលោតទំលាក់ទៅក្រោមឡើយ ។
តាមសាក្សី បានអោយដឹងទៀតថា ខណៈពេលនោះគេឃើញ នាងបានទៅឈរនៅខាងក្រៅបង្កាន់ស្ពាន ហើយអ្នកដំណើរឆ្លងកាត់ឃើញក៏បានរាយការណ៍ទៅកម្លាំងនគរបាល និងសណ្តាប់ខណ្ឌជ្រោយចង្វារ ដែលនៅប្រចាំការនៅគល់ស្ពានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
នៅព្រឹកនោះ គេឃើញ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌជ្រោយចង្វារ និងនគរបាលអង្គភាពការពារគោលដៅទី៣ ដែលប្រចាំការការពារស្ពានជ្រោយចង្វារ ក៏បាននាំគ្នាទៅលួងលោមកុំអោយគិតខ្លី។
ទន្ទឹមនោះ នគរបាលក៏ចេញទូកអូរប័រចំនួន ២គ្រឿងទៅចាំនៅខាងក្រោម ដើម្បីត្រៀមជួយសង្គ្រោះនៅពេលដែលនារីរូបនោះ លោតទំលាក់ទៅក្រោម ។ បន្ទាប់ពីមានការលួងលោម និងបាញ់អាកុល សមត្ថកិច្ច ក៏បានចាប់ឃាត់ទាញនារីរូបនោះឡើងមកវិញបានដោយសុវត្ថិភាព ។
តាមការសាកសួរនារីរូបនោះ និយាយត្រឡប់ត្រឡិន ទំនងជាមានសតិមិនគ្រប់ហើយ ត្រូវបានកម្លាំងនគរបាលនាំមកត្រើយខាងលិច និងណែនាំអោយត្រឡប់ទៅវិញបាត់ទៅ ៕