ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង បានអញ្ជើញចូលរួមអុជធូប បន់ស្រន់ ជាកិច្ចអភិសេកបដិមាព្រះពិស្ណុ ដែលត្រូវបានប្រើប្រាស់សម្គាល់ជានិមិត្តរូបនៃក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហា សង្ឃរាជទី៧ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃ គណៈធម្មយុត្តិកនិកាយ ដោយមានការនិមន្តអមដំណើរពីសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សម្តេចព្រះ ពុទ្ធជ័យមុនី ឃឹម សន សម្តេចឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ព្រះអង្គគុណម្ចាស់ សារាវន្ត និងព្រះអង្គគុណម្ចាស់ គូ សុភាព។
យោងតាមការសិក្សាប្រវត្តិព្រះពិស្ណុការបានឱ្យដឹងថា៖ ព្រះពិស្ណុការមានតួនាទីបង្កើត សាងសង់ និងការ ពារ ថែរក្សា ឃំគ្រង និងតំណាងឱ្យភាពគង់វង្ស រឹងមាំ យូរអង្វែង ជាអមតៈនៃអច្ឆរិយសំណង់នានា ជា បារមីដែលតំណាងឱ្យការកសាងគ្រឹះនៃសំណង់ស្ថាបត្យកម្ម វិស្វកម្ម វប្បធម៌រូបីរបស់ខ្មែរយើង ដោយបានបន្សល់ទុកនូវកេរ្តិ៍មរតកដល់មនុស្សជាតិ ទទួលបានភាពល្បីរន្ទឺសុះសាយពេញសកលលោក នាំមកនូវការគោរពនិងកោតស្ញប់ស្ញែងដល់ស្នាដៃសំណង់ប្រាសាទនានារបស់ដូនតា ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន។
ប្រជារាស្ត្រខ្មែរជឿជាក់ថា៖ បារមីរបស់ព្រះពិស្ណុការនៅតែបន្តថែរក្សា ការពារ ឃំគ្រងទឹកដីនគរខ្មែរ ជាពិសេសប្រាសាទនានា ដែលបានសាងសង់ឡើងនៅលើទឹកអង្គរនៃយើង មានអាយុកាលរាប់រយ ឆ្នាំកន្លងមកហើយ ប៉ុន្តែសំណង់ទាំងអស់នោះនៅតែអាចឈររឹងមាំ បង្ហាញអំណាចបារមីនៅលើទឹកដីនគរខ្មែរដដែល ជាហេតុធ្វើឱ្យប្រជាជនខ្មែរនៅតែបន្តគោរពដឹងគុណដល់បារមីព្រះពិស្ណុការ ដែលជាដួងព្រលឹង ខ្មែរមិនចេះសាបសូន្យ។
គួរកត់សម្គាល់ផងដែរថា៖ គ្រប់ការសាងសង់សំណង់ស្ថាបត្យកម្មតូចធំក្តី គេតែងតែ សែនព្រេន យាងអញ្ជើញព្រះពិស្ណុការ មកសណ្ឋិត ផ្តល់ភាពត្រជាក់ប្រជុំ ជួយថែរក្សាឱ្យបានគង់វង្សយូរអង្វែងនៃ សំណង់ទាំងអស់នោះ និងសុំសេចក្តីសុខចម្រើន និងសុវត្ថិភាព ដោយគេមានជំនឿថា៖ បារមីព្រះអង្គ នឹងយាងមកឱ្យពរជ័យដល់កូនចៅដែលជាម្ចាស់សំណង់បានសមប្រកបដោយសិរីមង្គលវិបុលសុខគ្រប់ប្រការ។ សូម្បីតែការសង់ផ្ទះ សំណង់អគារតាមភូមិ តាមស្រុកនានាបច្ចុប្បន្ននេះក្តី ក៏គេត្រូវធ្វើពិធីឧទ្ទិសប្រារឰបួងសួងក្រុងពាលីថ្វាយព្រះបារមីព្រះពិស្ណុការសុំសុខចម្រើន មានជ័យ សិរីសួស្ដីផងដែរ។ លើសពីនេះទៀត ព្រះពិស្ណុការត្រូវបានចាត់ទុកជាព្រះបារមីសម្ដេចព្រះគ្រូស្ថាបត្យកម្ម ដួងព្រលឹងនគរខ្មែរ និងត្រូវបានប្រជាជនខ្មែរ គោរពដឹងគុណជាហូរហែតរៀងមក៕