ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ដែលត្រូវជាអតីតប្តី បានលែងលះគ្នាជាង១ឆ្នាំហើយ ទំនងនៅនឹកឃើញសាច់សខ្ចី ភ្លើងប្រចណ្ឌ ក្រឡេកឃើញប្រពន្ធ នៅកន្លែងលក់ផ្លែឈើរបស់ប្អូនថ្លៃ មុខផ្សារលើធំថ្មី បើក PassAPP ដេញបុក ហើយតាមចាក់សម្លាប់ប្រពន្ធ ដូចរឿងហុងកុង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីម៉ោងជាង៩យប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ស្ថិតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សាក្សី នៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ ពួកគាត់ឃើញបុរសម្នាក់បានអង្គុយ ក្នុង(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ខណៈពេលនោះឃើញមានស្ត្រីម្នាក់និងក្មេងស្រីម្នាក់ ជិះម៉ូតូ មកកន្លែងលក់ផ្លែឈើ មួយសន្ទុះស្រាប់ឃើញបុរសអ្នកបើក(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើនោះ បើកចេញមកសំដៅស្ត្រីនោះ ដេញបុកពេញផ្សារលើធំថ្មី បណ្តាលឱ្យ(PassAPP)ក្រឡាប់ រួចទាញកាំបិតចិតបន្លែ ចាក់មកលើស្ត្រីនោះចំនួន២ កាំបិត ត្រូវត្រង់ ករ មួយកាំបិត និង ចាក់បុកចំពោះ ខាងក្រោមដោះ ផ្នែកខាងស្តាំ បណ្តាឱ្យរបួសធ្ងន់ ត្រូវបានប្អូនស្រី ដឹកតាមម៉ូតូទាំងឈាមហូរដូចទឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ច បានអោយដឹង ថា ជនបង្កក្រោយធ្វើសកម្មភាពរួចបានទុក(PassAPP) នៅកន្លែងកើតហេតុ រួចយកម៉ូតូរបស់ប្រជាការពារភូមិ ជិះចេញទៅបាត់ ដោយបានយកទៅទុកនៅផ្ទះរបស់ខ្លួនក្នុងភូមិខា្នរ សង្កាត់ជ្រាវ ហើយយករថយន្ត ឡុច ស៊ីស ជិះចេញទៅបាត់ដោយសុវត្ថិភាព។
ជនបង្កឈ្មោះ តាំង លាប អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកស្ត្រី ជនរងគ្រោះ មានឈ្មោះ លាន ប៊ុន ណាត អាយុ៣៥ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានកូនចំនួន២នាក់(ស្រីម្នាក់និងប្រុសម្នាក់ រីឯកូនទាំង២នាក់រស់នៅជាស្ត្រីរងគ្រោះ ដែលបានលែងលះគ្នា ជាង១ឆ្នាំមកហើយ៕