ខេត្តបន្ទាយមានជ័យ ៖ គ្រោះធម្មជាតិ ដោសារមានភ្លៀងមួយមេ លាយឡំ ជាមួយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ បានវាយប្រហារ បំផ្លាញ តូបលក់ដូរ ជាង ៦០តូប នៅក្នុងតំបន់លក់ដូរផ្សារចំណុចដើមស្រល់ ភូមិក្បា ស្ពាន១ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១៥ខ្នង នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ រួមជាមួយ លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែត និងក្រុមការងារ បានចុះពិនិត្យដល់ទីតាំង ដែលបានរងការខូចខាតដោយសារឥទ្ធិពលភ្លៀងមួយមេធំ លាយ ឡំខ្យល់កន្រ្តាក់ដែលបានបោកបំបាក់ ផ្សារចំណុចដើមស្រល់នេះ ស្ទើររាបស្មើដីនោះ។
លោក ង៉ោ ម៉េងជ្រួន បានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតតូបលក់ដូរ ផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ដែលជាគ្រោះ មហន្តរាយគ្មាននរណាម្នាក់ចង់ ជួបប្រទះនោះឡើយ។ ក្រោយពេលកើតហេតុ គ្រោះធម្មជាតិនេះភ្លាម អាជ្ញាធរដែនដីរួមនឹងក្រុមការងារបានអន្តរាគមន៍ចុះភ្លាមៗ ជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះនេះ ដើម្បីជួយសម្រួលដល់ការលំបាក និងបញ្ហា ប្រឈមនានារបស់ពួកគាត់នោះ៕