ស៉ីដនី ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានទឹកជំនន់ នៅថ្ងៃពុធនេះ អាជ្ញាធរបានព្រមានថា សត្វពីងពាង ដែលមានពិសសាហាវបំផុតនៅលើពិភពលោក អាចបំលាស់ទីឆ្លងទីក្រុងស៊ីដនី ដោយពួកវាអាចនឹងស្វែងរកទីជម្រកនៅក្នុងផ្ទះសម្បែងរបស់យើង ខណៈដែលពួកវាព្យាយាមហែលឆ្លងគេចពីទឹកជំនន់។
ចំពោះមុខមហន្តរាយទឹកជំនន់ ដែលកំពុងបន្តនៅឡើយនេះ ប្រជាជនអូស្ត្រាលីទើបទទួល ការព្រមានថ្មីមួយទៀតជាបន្ទាន់ ពីសញ្ញានៃការចល័តទីរបស់សត្វពីងពាង ដែលមានគ្រោះថ្នាក់ដល់ជីវិត កំពុងលុកលុយនៅតំបន់ទីក្រុងស៊ីដនី។
នាយកឧទ្យានជាតិ Reptile លោក ធីម ហ្វកណឺ (Tim Faulkner) បានអោយដឹងថា «ជាមួយនឹងទឹកជំនន់ ដែលបានវាយប្រហារតំបន់ទីក្រុងស៉ីដនី ពួកវាត្រូវបានបង្ខំឱ្យចាកចេញពីទីជម្រករបស់ពួកវា ហើយកំពុងស្វែងរកការជ្រកកោន នៅតាមតំបន់ស្ងួត។ ដូច្នេះវាអាចមានន័យថា ពួកវានឹងស្វែងរកផ្លូវរបស់ពួកវា ដើម្បីចូលទៅក្នុងផ្ទះសម្បែងរបស់យើង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។
គួរបញ្ជាក់ថា សត្វពីងពាងដ៏កំណាចនេះត្រូវបានគេខ្លាចជាទូទៅ ចំពោះពិសដ៏សាហាវបំផុតរបស់វា ដែលកន្លងមនុស្ស ១៣នាក់ហើយបានស្លាប់ បន្ទាប់ពីត្រូវវាខាំ។ ទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ត្រូវបានគេជឿថា បានស្លាប់ដោយសារសត្វពីងពាងនេះទៀតដែរ ចាប់តាំងពីមានកម្មវិធីប្រឆាំងនឹងពិស ដែលត្រូវបានគេណែនាំ នៅដើមទសវត្សរ៍ ១៩៨០ មកម៉្លេះ៕