ភ្នំពេញ ៖ រថយន្តម៉ាក HYUNDAI បុកម៉ូតូរ៉ឺម៉កបើកច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ ត្រង់ចំណុចមុខមន្ទីរព្យាបាលមង្គលព្រែកព្នៅ លើផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ង្វៀង យ៉ាំងប៊ិន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសធ្ងន់) ចំណែកជនបង្កត្រូវបានប៉ូលិសឃាត់ខ្លួនមានឈ្មោះ ណុំ សាវឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហុតបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រវាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2943 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានរ៉េចង្កូតមកឆ្វេងបុកជាមួយ ម៉ូតូរ៉ឺម៉ក០១ គ្រឿងម៉ាក HONDA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-8844 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត ( ទិសដៅច្រាស់គ្នា ) បណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាលដេជាច្រើនថ្នេរ ( របួសធ្ងន់ )។
ករណីនេះបណ្តាលអោយមនុស្សរបួសធ្ងន់០១នាក់ និងខូចខាត រថយន្តធ្ងន់០១គ្រឿង ម៉ូតូរ៉ឺម៉កធ្ងន់ចំនួន០១គ្រឿង និងប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕