ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលដំណើរការរៀបចំកន្លែងរស់នៅថ្មីរបស់ប្រជាពលរដ្ឋដែលបានប្តូរទីតាំងរស់នៅពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋ ដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ដែលជាតំបន់មិនរៀបរយទៅរស់នៅក្នុងភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យពួកគាត់មានភាពកក្តៅបន្ថែមទៀត ។
លោកអភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារដែលត្រូវផ្លាស់ប្តូរទីតាំងរស់នៅពីមាត់ស្ទឹងសៀមរាប មកនៅភូមិធម្មជាតិរុនតាឯកនេះ មានប្រមាណ២០០គ្រួសារហើយ បានមកធ្វើផ្ទះរស់នៅ និងបានដាំបន្លែចិញ្ចឹមសត្វ ព្រមទាំងបើកមុខរបរលក្ខណៈគ្រួសារ ខណ:ពេលនេះ រដ្ឋបាលស្រុកបានកំពុងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបច្ចុប្បន្ននេះយើងមានមេភូមិ និងប្រជាការពារភូមិដូចភូមិចាស់ៗផងដែរ ។
លោកអភិបាលស្រុក បានបន្តទៀតថា អាជ្ញាធរស្រុក ក៏មានគម្រោងជួយរៀបចំផ្ទះប្រជាពលរដ្ឋណាដែលឧស្សាហ៍ព្យាយមឱ្យក្លាយទៅផ្ទះគំរូ គឺផ្ទះមានសោភ័ណភាពស្អាត , មានដាំផ្កាលម្អ , មានដាំបន្លែ , ចិញ្ចឹមសត្វ , មានអនាម័យ និងភាពបៃតង ដែលបច្ចុប្បន្ននេះ អាជ្ញាធរស្រុកកំពុងតែធ្វើការសិក្សាទៅលើប្រជាពលរដ្ឋណាដែលមករស់នៅជាប់លាប់ និងមានចិត្តចង់ធ្វើ ហើយក្រៅពីនេះរដ្ឋបាលស្រុក ក៏មានគោលដៅរៀបចំភូមិនេះឱ្យមានការអភិវឌ្ឍន៍រីកចម្រើនផងដែរ៕