ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ផឹកស៊ីស្រវឹង មិនព្រមចូលដេក ហើយបង្កហិង្សា រហូតឪពុកក្មេកអត់ទ្រាំពុំបាន ក៏ស្ទុះទៅទាញដែកចុងស្រួចបាន ចាក់ប្រហារមកលើកូនប្រសា បណ្ដាលឲ្យបាត់បង់ជីវិត ហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោងជា១១ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចអូរឈើទាល ស្ថិតក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
មន្រ្ដីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ចាន់ ឆាយរ៉ាវណ្ណ: អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិកាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ុន្ដែគេបានមករកស៊ី និងយកប្រពន្ធ ហើយរស់នៅជាមួយឪពុកក្មេក នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ រីឯជនដៃដល់ជាឪពុកក្មេក ឈ្មោះ ឆាន់ ជឿន មានវ័យចំណាស់ហើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើហិង្សា រហូតក្លាយជាឃាតកម្មនោះ ជនរងគ្រោះទើបនឹងត្រឡប់ចេញមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ហើយត្រូវបានជនសង័្សយជាឪពុកក្មេកស្តីបន្ទោសឲ្យបន្តិចបន្តួច។ ដោយសារតែបញ្ហានេះ បានធ្វើឲ្យជនរងគ្រោះជាកូនប្រសាខឹងសម្បា ក៏បង្កឲ្យមានការទាស់ពាក្យសម្ដីនឹងគ្នា រហូតឈានដល់ការប្រតាយប្រតប់គ្នា។ ឃើញបែបនេះអ្នកផឹកស៊ីជាមួយឪពុកក្មេកបានចូលឃាត់ តែឃាត់មិនឈ្នះ ហើយកូនប្រសាចេះតែបន្ដចង់វាយតប់ និងយកឈ្នះចាញ់លើឪពុកក្មេក។
ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្នុងស្ថានភាពហិង្សានោះ ជនរងគ្រោះជាកូនប្រសា បានស្ទុះទៅទាញដំបង បម្រុងវាយប្រហារទៅលើជនសង័្សយជាឪពុកក្មេក ទើបកាត់ទាញកាំបិតសម្រាប់ការពារខ្លួន។ ភ្លាមៗនោះអ្នកជិតខាងបានស្ទុះចូលទៅឃាត់ និងចាប់យកកាំបិត ហើយដំបងចេញពីពួកគេទាំង២នាក់។ ប៉ុន្ដែកូនប្រសានៅព្រមនៅស្ងៀម នៅតែបន្ដរករឿងទៅលើឪពុកក្មេក ហើយចេះតែកញ្ជ្រោ ស្ទុះទៅរករឿងឪពុកក្មេកម្ដងជាពីរដង រហូតឪពុកក្មេកទ្រាំមិនបាន ក៏ទាញយកវត្ថុរឹងមុតស្រួច ចាក់ទៅលើកូនប្រសា ដែលកំពុងស្ទុះមកវាយគាត់ បណ្ដាលឲ្យមុតជាច្រើនកន្លែងរងរបួសធ្ងន់ ហើយស្លាប់ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកជនដៃដល់ជាឪពុកក្មេក បានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចហើយធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង័្សយ កំពុងស្ថិតក្នុងការតាមចាប់ខ្លួនរបស់សមត្ថកិច្ច៕