ព្រៃវែង ៖ មន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្តព្រៃវែងម្នាក់ តាមពិតគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋានក្រុងព្រៃវែង ឥឡូវកំពុងរត់គេចខ្លួន។ ដំណឺងបែកធ្លាយនេះ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែងបញ្ឆោតចាប់បានកូនដៃម្នាក់ ដែលជាដៃជើងលក់ថ្នាំញៀនឱ្យរូបគេ។
ប្រភពព័ត៌មានរាយការណ៍ឱ្យដឹងថា៖ ជនត្រូវចោទជាប៉ូលិសរូបនោះឈ្មោះ ធឿន ចាន់រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ឋាន្តរស័ក្ដិអនុសេនីយ៍ឯក បម្រើការងារនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តព្រៃវែង បច្ចុប្បន្ន៖តម្រូវឱ្យធ្វើការនៅការិយល័យកងអន្តរាគមន៍តម្រួតបទបញ្ជា។ បច្ចុប្បន្នមានទីលំនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (រត់គេចខ្លួន)។ ជាប់ចោទពីបទ៖«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន»។
រីឯជនត្រូវចោទម្នាក់ទៀតឈ្មោះ ស៊ិន សំណាង (ហៅប្រុក) ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិ០២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង(នៅក្នុងឃុំ)។
ជាប់ចោទពីបទ៖«ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤៥ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន»។
ប្រភពដដែលបានឱ្យដឹងទៀតថា៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កំលាំង PM ខេត្តព្រៃវែង បានបញ្ឆោតធ្វើជាធ្នាក់ទៅទិញថ្នាំញៀនពីឈ្មោះ ស៊ិន សំណាង ដែលជាអ្នកជួញដូរថ្នាំញៀន។ លុះដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបឈានដល់ការឃាត់ខ្លួនឈ្មោះ ស៊ិន សំណាង នៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ ក្រោយឃាត់ខ្លួនឈ្មោះ ស៊ិន សំណាង បានសារភាពថា៖ ខ្លួនលក់ថ្នាំឱ្យឈ្មោះ ធឿន ចាន់រ៉ាវី គឺ១កញ្ចប់តម្លៃ៤០.០០០រៀល។ បន្ទាប់ពីកូនដៃឈ្មោះ ស៊ិន សំណាង ត្រូវPMចាប់ ហើយរូបគេនឹងឆ្លើយពាក់ព័ន្ធមកលើខ្លួន! ស្រាប់តែឈ្មោះ ធឿន ចាន់រ៉ាវី ហាក់ដឹងខ្លួនបានរត់គេចបាត់តែម្ដង។
បច្ចុប្បន្ន៖ ជនត្រូវចោទឈ្មោះ ស៊ិន សំណាង កំពុងជាប់ឃុំនៅពន្ធនាគារខេត្ត។ រីឯជនត្រូវចោទឈ្មោះ ធឿន ចាន់រ៉ាវី កំពុងរត់គេចខ្លួន៕