រាជធានីភ្នំពេញ៖ សពទារកអាយុ៣ខែម្នាក់ ត្រូវគេប្រទះឃើញ នៅក្នុងបន្ទប់ទឹក បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្រុម៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
យុវជនម្នាក់ ឈ្មោះ និល សណ្តុះ អាយុ២០ឆ្នាំ មុខរបរជាកម្មករសំណង់ នៅកន្លែងកើតហេតុ មានលំនៅក្នុងភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក គាត់បានមកដល់កន្លែងធ្វើការ ហើយដើរចូល ក្នុងបន្ទប់ទឹក នៅខាងក្រោយការដ្ឋាន ស្រាប់តែប្រទះឃើញសពទារកម្នាក់។ ឃើញបែបនេះ គាត់បានរត់មកប្រាប់អ្នកជិតខាង ក៏បង្កឲ្យផ្អើលឆោឡោរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះពិនិត្យមើល។
អ្នកភូមិ បានឲ្យដឹងថា ពួកគាត់មិនដឹងថា អ្នកណាមានកូនតូច ហើយស្លាប់ យកទៅបោះប្លុងចោលបែបនេះទេ។ ប៉ុន្ដែទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរិះគន់ដល់មាតាបិតារបស់សពទារក មិនគួរណា កូនដែលខ្លួនខំបង្កើតមកហើយ ពេលស្លាប់យកមកបោះចោលបែបនេះទេ។ បើធ្វើជាមាតាបិតាគេ គួរគប្បីធ្វើចិត្តឲ្យមានព្រហ្មវិហារធម៌ខ្លះផង មិនត្រូវយកមកបោះចូល ដូចសត្វធាតុ ព្រោះថាពលរដ្ឋខ្មែរយើងប្រកាន់នូវទំនៀមទំលាប់ ជំនឿ និងព្រះពុទ្ធសាសនា។
ក្រោយពេលមានការភ្ញាក់ផ្អើលនោះ សមត្ថកិច្ចបានចុះទៅពិនិត្យ សាកសួរ និង ប្រគល់ជូនអាជ្ញាធរមូលដ្ឋាន រួមជាមួយពលរដ្ឋ យកសពទារកនោះទៅរៀបចំពិធី តាមបែបសាសនា នៅវត្តជម្ពូវ័ន៕