រាជធានីភ្នំពេញ៖ ស្រ្ដីជនជាតិបរទេសម្នាក់ ធ្លាក់ពីលើអគារខុនដូ Sky Lar ជាន់ទី២៤ បណ្ដាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៤១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
មន្រ្ដីនគរបាលខណ្ឌចំការមន បាន្យដឹងថា ស្រ្ដីរងគ្រោះ ជាជនបរទេស មានអាយុប្រហែលជាង៣០ឆ្នាំ។ បើតាមឈ្មោះនៅលើលិខិតឆ្លងដែន ជនរងគ្រោះឈ្មោះ HEYIYOUNG ជនជាតិកូរ៉េខាងត្បូង។
សន្តិសុខយាមនៅកន្លែងកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាកើតហេតុ គាត់បានឃើញស្រ្តីរងគ្រោះ ធ្លាក់ពីលើអគារខុនដូ Sky Lar ជាន់ទី២៤ បណ្ដាលឱ្យស្លាប់ភ្លាមៗ។ ឃើញហេតុការណ៍បែបនេះ គាត់បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន ដោយរៀបរាប់ប្រាប់តាមដំណើររឿងនេះ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនបុរស២នាក់ជាជនជាតិបរទេស នាំទៅសាកសួរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៃការិយាល័យបច្ចេកទេសកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ។ ប៉ុន្ដែសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថា នេះជាករណីអ្វីនៅឡើយ ព្រោះស្ថិតក្នុងការស្រាវជ្រាវបន្ដទៀត ដើម្បីស្វែងរកការពិត។
ទោះជាយ៉ាងណា បើតាមព័ត៌មានចុងក្រោយ ដោយផ្អែកតាមលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារការធ្វើអត្តឃាត (សម្លាប់ខ្លួនឯង)។ បន្ទាប់មក បុរសជនជាតិចិន២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏ដោះលែងវិញ ដោយសារមិនជាប់នពាក់ព័ន្ធក្នុងរឿងនេះទេ។
ដោយឡែកសាកសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុក នៅក្នុងវត្តទឹកថ្លា ដើម្បីឲ្យស្ថានទូតសាមីទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕