រាជធានីភ្នំពេញ៖ យុវជន៣នាក់អះអាងជាសកម្មជនការពារបរិស្ថាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
ប្រភពព័ត៌មានពីមន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យុវជនទាំង៣នាក់ ដែលត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីនោះ រួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ សមត្ថកិច្ចបានឃាត់ខ្លួនពួកគេទាំង៣នាក់នេះ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នារបស់ពួកគេ ដែលបានប្រព្រឹត្តជាក់ស្តែង។
ប្រភពព័ត៌មានដដែល បានបន្ដថា សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់សាលាដំបូង កាលពីព្រឹក ថ្ងៃទី៥ ខែកញ្ញា ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។ រីឯសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា យុវជនខាងលើអះអាងខ្លួន ជាអ្នកការពារបរិស្ថាន ហើយត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»៕