រាជធានីភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបហាងខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនស្រីស្អាត និងអ្នកពាក់ព័ន្ធ ចំនួន៩៩នាក់ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២០៦ កែងនឹងផ្លូវលេខ២០៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
មន្រ្ដីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឆ្មក់បង្រ្កាបហាងខារ៉ាអូខេខាងលើនេះ គឺធ្វើឡើង តាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ និងលោកលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី ចំនួន៩៣នាក់ ក្នុងស្ដីពី៤០នាក់ ហើយដកហូតរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងផងដែរ។
ក្រោយពេលបង្រ្កាបរួច សមត្ថកិច្ចបាននាំខ្លួនអ្នកពាក់ព័ន្ធ និងវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕