រាជធានីបាងកក៖ កងយោធពលភូមិន្ទជើងទឹកថៃ បានបង្កសង្រ្គាមពាក្យសម្ដីជាមួយនឹងគណបក្សភឿថៃ ជុំវិញរឿងដ៏ចម្រូងចម្រាសលើការទិញនាវាមុជទឹក ចំនួន២គ្រឿង មកពីប្រទេសចិន នៅក្នុងអំឡុងពេលមានវិបត្ដិសេដ្ឋកិច្ច នាពេលនេះ។
លោក Sittiporn Maskasem ប្រធានរដ្ឋបាលកងទ័ពជើងទឹកថៃ បានថ្លែង កាលពីថ្ងៃទី២៤ ខែសីហា ថា កងទ័ពជើងទឹកថៃ ត្រូវការនាវាមុជទឹក ចំនួន២គ្រឿងទៀត សម្រាប់ជាយុទ្ធសាស្រ្ដលើវិស័យការពារជាតិរបស់ខ្លួន។ ប៉ុន្ដែបញ្ហានេះក៏ត្រូវបានគេអូសឲ្យចូលទៅក្នុងរឿងនយោបាយ នាំឲ្យមានរឿងដ៏ចម្រូងចម្រាសផងដែរ។
លោកឧត្ដមសេនីយ៍ បានបន្ថែមថា នៅពេលនេះ យើងបានឃើញអំពីចេតនាខាងនយោបាយ ដើម្បីយកបញ្ហាទាំងនេះ វាយប្រហារមកលើរដ្ឋាភិបាល។ ទោះជាយ៉ាងណា រដ្ឋាភិបាល និងកងទ័ពជើងទឹក នៅតែទទួលបានការចាប់អារម្មណ៍ផងដែរ បន្ទាប់ពីអនុគណៈកម្មាធិការសភាដឹកនាំដោយគណបក្ស Palang Pracharath កាលពីសប្តាហ៍មុន បានយល់ព្រមទិញនាវាមុជទឹកចំនួន២គ្រឿងទៀត ក្នុងតម្លៃ ២២,៥ពាន់លានបាតពីប្រទេសចិន។ រីឯគម្រោងទិញនាវាមុជទឹកចំនួន៣គ្រឿង មកពីប្រទេសចិននេះ បានឈានដល់ទីបញ្ចប់ហើយ ដោយប្រើប្រាស់ថវិកា ពីឆ្នាំ២០១៧។ ចំណែកនាវាមុជទឹកនោះ ត្រូវគេរំពឹងថា នឹងទទួលបាន នៅឆ្នាំ២០២៣។
គណបក្សភឿថៃ កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា បានអះអាងថា កិច្ចសន្យាលទ្ធកម្ម រវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលចិន មិនមានសុពលភាពទេ។ ប្រធានកងទ័ពជើងទឹក Adm Luechai Ruddit ដែលបានចុះហត្ថលេខា ក្នុងនាមប្រទេសថៃ ក៏គ្មានសិទ្ធិធ្វើជាតំណាងរដ្ឋាភិបាលថៃ ដែរ ហើយក្រុមហ៊ុនចិនដែលបានចុះហត្ថលេខាលើកិច្ចសន្យានេះ ក៏មិនមែនជាតំណាងឱ្យរដ្ឋាភិបាលចិនឡើយ។
រហូតមកដល់ពេលនេះ ប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន បានបំពាក់នាវាមុជទឹកដល់កងទ័ពរបស់ខ្លួន រួមមាន វៀតណាម មានចំនួន៦គ្រឿង ឥណ្ឌូនេស៊ីមានចំនួន៥គ្រឿង (ហើយ៤គ្រឿងទៀតនឹងមកដល់ក្នុងពេលខាងមុខ) ម៉ាឡេស៊ីមាន២គ្រឿង សិង្ហបុរីមាន៤គ្រឿង (ហើយ២គ្រឿងនឹងមកដល់ក្នុងពេលខាងមុខ) មីយ៉ាន់ម៉ាមាន១គ្រឿង និងកំពុងទិញ៤គ្រឿងទៀត។