យន្ដហោះមួយគ្រឿងរបស់កងទ័ពជើងថៃ ទំនងជាមានបញ្ហាបច្ចេកទេសលើកង់រត់ ហើយ ចុះចតបន្ទាន់ ដោយមិនមានកង់មុខ តែសំណាងល្អ មិនមានគ្រោះថ្នាក់អ្វីកើតឡើង។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅក្នុងអាកាសយានដ្ឋាន Narathiwat ប្រទេសថៃ។
បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា យន្ដហោះរបស់កងទ័ពជើងទឹកខាងលើ ប្រភេទ Fokker F-27 បានហោះហើរ ចេញពីអាកាសយានដ្ឋានអន្ដរជាតិ U-Tapao ។ ប៉ុន្ដែដោយសារយន្ដហោះមានបញ្ហាបច្ចេកទេស ទើបអាកាសយានិក បានព្យាយាមចុះចត នៅក្នុងអាកាសយានដ្ឋាន Narathiwat ។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មានបានបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ។
ប្រភពព័ត៌មានដដែល បានបន្ដថា អាកាសយានិក នៅក្នុងហេតុការណ៍នោះ រួមមាន លោកមេបញ្ជាការ Chatchawan Prasitwet និងអនុសេនីយ៍ទោ Kobkit Santikul ។ ប៉ុន្ដែមុនពេលចុះចត អាកាសយានិកទាំង២នាក់ បានជូនដំណឹងដល់ក្រុមសង្គ្រោះបន្ទាន់ និងក្រុមពន្លត់អគ្គិភ័យដើម្បីឲ្យត្រៀមខ្លួន សម្រាប់ជួយអន្ដរាគមន៍ទុកជាសម្រេច មុននឹងពួកគេបញ្ជាយន្ដហោះចុះចត។ លុះពេលយន្ដហោះចុះចត អ្នកនៅក្នុងយន្ដហោះទាំងអស់ មានសុវត្ថិភាព ហើយយន្ដហោះគ្រាន់តែរងការខូចខាតតែបន្ដិចបន្ដួចតែប៉ុណ្ណោះ។
លោក Thawee Kesisamang អគ្គនាយកដ្ឋាន នៃអាកាសយានដ្ឋាន បានបញ្ជាក់ថា អាកាសយានដ្ឋាន Narathiwat បានបិទផ្លូវចុះចតជាបណ្តោះអាសន្ន រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែសីហា ក្នុងគោលបំណងផ្លាស់ប្តូរទីតាំងយន្តហោះ និងបានចេញសេចក្តីជូនដំណឹងដល់យន្តហោះទាំងអស់ឱ្យចុះចត នៅអាកាសយានដ្ឋាន Hat Yai ជំនួសវិញ។ រីឯអាកាសយានដ្ឋាន Narathiwat នេះ នឹងដំណើរការជាធម្មតាឡើងវិញ បន្ទាប់ពីថ្ងៃទី១២ ខែសីហា។
ក្រោយពេលយន្ដហោះចុះចតដោយសុវត្ថិភាពរួចមក ក្រុមអ្នកជំនាញកំពុងតាមដាន និងស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ៕