រុស្ស៊ីបានបញ្ជូនក្រុមជួយសង្រ្គោះចំនួន១០០នាក់ និងវេជ្ជបណ្ឌិតរបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្ដុកសារធាតុ «អាមម៉ូនីញ៉ូមនីត្រាត» នៅក្នុងទីក្រុងបេរូត។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់រុស្ស៊ី បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាន នៅថ្ងៃទី៦ ខែសីហា ថា យន្ដហោះមួយគ្រឿង ប្រភេទ Ilyushin Il-76 របស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់រុស្ស៊ី បានដឹកក្រុមជួយសង្រ្គោះ និងវេជ្ជបណ្ឌិត ចំនួន១០០នាក់ទៅកាន់ប្រទេសលីបង់។ រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញទាំងនោះបានទៅដល់រដ្ឋធានីបេរូត ប្រទេសលីបង់ ហើយ។ រីឯយន្ដហោះ Il-76 នោះ នឹងវិលត្រឡប់ពីលីបង់ មកដល់ប្រទេសរុស្ស៊ីវិញ នៅថ្ងៃនេះ។ នេះជាការហោះហើរលើកទី៤ ក្នុងការដឹកជញ្ជូនអ្នកជំនាញទៅកាន់ប្រទេសលីបង់។
អាជ្ញាធររបស់ប្រទេសលីបង់ បានបញ្ជាក់ថា ការផ្ទុះឃ្លាំងស្ដុកអាមម៉ូនីញ៉ូមនីត្រាតនេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅកំពង់ផែទីក្រុងបេរូត ជិតមូលដ្ឋានកងទ័ពជើងទឹករបស់ប្រទេសលីបង់។ ឃ្លាំងដែលផ្ទុះនោះ មានស្ដុកសារធាតុអាមម៉ូនីញ៉ូមនីត្រាត មានទម្ងន់ រហូតដល់២៧៥០តោន។ គ្រឿងផ្ទុះទាំងនេះ ត្រូវបានសមត្ថកិច្ចគយរឹបអូសបាន កាលពីអំឡុងឆ្នាំ២០១៤ ហើយយកទៅស្ដុកនៅទីតាំងខាងលើតាំងពីពេលនោះមក។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា ការផ្ទុះនោះបានធ្វើឲ្យកក្រើកញាប់ញ័រពេញទីក្រុង ហើយផ្សែងបានហុយគ្របដណ្ដប់ពាសពេញទីក្រុង។ នៅក្នុងហេតុការណ៍គ្រោះមហន្ដរាយនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៣៥នាក់ស្លាប់ និង៥ពាន់នាក់រងរបួស។ ក្រៅពីនេះវាបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលលីបង់ បានប្រកាសកាន់ទុក្ខដល់ជនរងគ្រោះ និងប្រកាសដាក់ទីក្រុងនេះ ស្ថិតក្នុងគ្រាអាសន្ន រយ:ពេល២សប្ដាហ៍ថែមទៀតផង៕